ព្រះត្រៃបិដក ភាគ ១០
ដែលគេចុចដោយក្រចក១ ដែលគ្មានពូជដុះតទៅ១ មានពូជដែរ តែគួរបន្លេចគ្រាប់ចេញបាន១ ជាគំរប់ប្រាំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្បទាំង៥នេះឯង។
[១៣៦] សម័យនោះឯង ភិក្ខុ១រូបពស់ចឹកហើយក៏ស្លាប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ត្រកូលស្តេចពស់ទាំង៤ ដូចម្តេចខ្លះ។ ត្រកូលស្តេចពស់ទាំង៤នោះ គឺ ត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈ ត្រកូលស្តេចពស់ ឈ្មោះឯរាបថៈ ត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈ ត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះបានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។
ID: 636799844135501668
ទៅកាន់ទំព័រ៖