ព្រះត្រៃបិដក ភាគ ១០
ភិក្ខុអាក្រាត មិនត្រូវឲ្យគេសំពះខ្លួន ភិក្ខុអាក្រាត មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេធ្វើបរិកម្មដល់ខ្លួន ភិក្ខុអាក្រាត មិនត្រូវឲ្យរបស់ ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវទទួលរបស់ ភិក្ខុអាក្រាតមិនត្រូវទំពាស៊ី ភិក្ខុអាក្រាតមិនត្រូវបរិភោគ ភិក្ខុអាក្រាត មិនត្រូវលិតភ្លក្ស ភិក្ខុអាក្រាត មិនត្រូវផឹកទេ ភិក្ខុណាផឹក ត្រូវអាបត្តិទុក្កដ។
[២០១] សម័យនោះឯង ពួកភិក្ខុដាក់ចីវរលើផែនដី ក្នុងរោងភ្លើង។ ចីវរក៏ប្រឡាក់ទៅដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែស្នួរចីវរ និងខ្សែស្បៀងចីវរ ក្នុងរោងភ្លើង។ កាលដែលភ្លៀងបង្អោរចុះមក ចីវរក៏ទទឹក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាលាជិតរោងភ្លើង។ សាលាជិតរោងភ្លើង មានទីទាប។ ទឹកក៏ជោរជន់មកលិចចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូន។បេ។ ពួកភិក្ខុ នាំគ្នាឡើងទៅ ក៏លំបាក។បេ។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
ID: 636799863410984162
ទៅកាន់ទំព័រ៖