ព្រះត្រៃបិដក ភាគ ១០
[២៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមទណ្ឌសម្មតិនឹងសង្ឃ។ ភិក្ខុនោះគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[២៤៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះមកសូមទណ្ឌសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះ មកសូមទណ្ឌសម្មតិនឹងសង្ឃ។
ID: 636799887126830631
ទៅកាន់ទំព័រ៖