ព្រះត្រៃបិដក ភាគ ១០
[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ពួកភិក្ខុ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។
[៣៤២] សម័យនោះឯង ពួកភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វកណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។
[៣៤៣] សម័យនោះឯង ពួកភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។
ID: 636799949209781573
ទៅកាន់ទំព័រ៖