ព្រះត្រៃបិដក ភាគ ១០
ទាស់ទែងគ្នា ទៅវិញទៅមក ភិក្ខុទាំងពីររូបនោះ ជាសត្រូវនឹងគ្នា ព្រោះការទាស់ទែងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងយេភុយ្យសិកាកម្មនោះ មានវិធីធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវយេភុយ្យសិកាកម្មណា នេះហៅថា វិធីធ្វើ ក្នុងយេភុយ្យសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩៧] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានអធិករណ៍កើតប្រាកដយ៉ាងនេះឡើង។ គ្រានោះឯង ភិក្ខុទាំងនោះ ជាអ្នកមិនត្រេកអរ ដោយវិធីរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថីឡើយ ហើយបានឮដំណឹងថា មានព្រះថេរៈច្រើនអង្គ គង់នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញា មានអៀនខ្មាស ជាអ្នកមានរង្កៀស ជាអ្នកប្រាថ្នាការសិក្សា បើព្រះថេរៈទាំងនោះ រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។
ID: 636799810827306548
ទៅកាន់ទំព័រ៖