ព្រះត្រៃបិដក ភាគ ១០
ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) ពិតមែនឬ។បេ។ ភិក្ខុទាំងអម្បាលនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់បន្ទោស រួចហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឆត្រទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៣] សម័យនោះឯង ភិក្ខុ១រូបទៀតមានជម្ងឺ។ ភិក្ខុនោះ បើខានបាំងឆត្រ មិនបានសេចក្តីសប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺ។
[២៤៤] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺតែម្យ៉ាង មិនបានទ្រង់អនុញ្ញាត ដល់ភិក្ខុគ្មានជម្ងឺទេ ហើយរង្កៀសនឹងការបាំងឆត្រក្នុងអារាម និងឧបចាររបស់អារាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមិនមានជម្ងឺបាំងឆត្រក្នុងអារាម និងឧបចារនៃអារាមបាន។
ID: 636799886473353254
ទៅកាន់ទំព័រ៖