ព្រះត្រៃបិដក ភាគ ១០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គំនូរ​ភ្ញីផ្កា​ ​និង​គំនូរ​ភ្ញីវល្លិ​ ​និង​ក្បាច់​ធ្មេញ​មករ​ ​និង​ក្បាច់​មាន​ស្រទាប់៥​។​
 [​៣៣៧​]​ ​សម័យ​នោះ​ឯង​ ​វិហារ​មាន​ទី​ទាប​។​ ​ទឹក​ក៏​លិច​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿនវិហារ​ក៏​រលំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ខឿន៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​នាំគ្នា​ឡើង​ទៅ​ ​ក៏​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ៣យ៉ាង​ ​គឺ​ ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​នាំគ្នា​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បង្កាន់ដៃ​។​
 [​៣៣៨​]​ ​សម័យ​នោះ​ឯង​ ​វិហារ​មាន​មនុស្ស​កុះករ​ច្រើនពេក​។​ ​ពួក​ភិក្ខុ​ក៏​អៀនខ្មាស​ ​(​មិន​អាច​)​ ​នឹង​សិង​បាន​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​រនាំង​។​ ​ពួក​មនុស្ស​ ​ក៏​នៅតែ​បើក​រនាំង​មើល​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636799948358082859
ទៅកាន់ទំព័រ៖