ព្រះត្រៃបិដក ភាគ ១០
រម្ងាប់ដោយសម្មុខាវិន័យ។ ក៏ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចដើម្បីនឹងរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ប្រគល់អធិករណ៍នោះ ដល់សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន យើងទាំងឡាយ មិនអាចដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាទេ សូមសង្ឃ រម្ងាប់អធិករណ៍នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីរម្ងាប់អធិករណ៍បែបនេះ ដោយយេភុយ្យសិកាវិញ។ សង្ឃគប្បីសន្មតភិក្ខុប្រកបដោយអង្គ៥ប្រការ ឲ្យជាសលាកគ្គាហាបកៈ (អ្នកចែកស្លាក) គឺភិក្ខុណា មិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ដឹងស្លាកដែលគេបានចាប់ និងមិនបានចាប់១។បេ។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសលាកគ្គាហាបកៈ ការសន្មតិ គួរដល់សង្ឃហើយ
ID: 636799810287785689
ទៅកាន់ទំព័រ៖