ព្រះត្រៃបិដក ភាគ ១១

បើ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ធ្វើ​ ​អន្តេវាសិក​ត្រូវ​ធ្វើ​ប្រគេន​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ធ្វើ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គ្រឿង​ជ្រលក់​របស់​អាចារ្យ​គួរ​នឹង​ស្ងោរ​ ​អន្តេវាសិក​ត្រូវ​ស្ងោរ​ប្រគេន​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿង​ជ្រលក់​របស់​អាចារ្យ​គួរ​នឹង​ស្ងោរ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ជ្រលក់​ ​អន្តេវាសិក​ត្រូវ​ជ្រលក់​ប្រគេន​ ​ឬ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​អាចារ្យ​គួរ​នឹង​ជ្រលក់​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​អន្តេវាសិក​កាល​នឹង​ជ្រលក់ចីវរ​ ​ត្រូវ​ជ្រលក់​ប្រែត្រឡប់​ឲ្យ​សព្វ​ល្អ​ ​មួយទៀត​ ​កាលបើ​ដំណក់ទឹក​ស្រក់​ពុំ​ទាន់​អស់​ ​អន្តេវាសិក​ ​កុំអាល​ចៀសចេញ​ទៅ​ឡើយ​ ​អន្តេវាសិក​មិនទាន់​ប្រាប់​អាចារ្យ​ ​មិន​ត្រូវឲ្យ​បាត្រ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួល​បាត្រ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ចីវរ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួលយក​ចីវរ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​បរិក្ខារ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួល​បរិក្ខារ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​កោរសក់​ឲ្យ​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​អ្នកណាមួយ​ ​មក​កោរសក់​ខ្លួន​ឡើយ​ ​មិន​ត្រូវ​ធ្វើ​បរិកម្ម​ ​(​គក់ច្របាច់​)​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​អ្នកណាមួយ​ ​ធ្វើ​បរិកម្ម​ដល់​ខ្លួន​ ​មិន​ត្រូវ​ធ្វើ​វេយ្យាវច្ចៈ​ ​ដល់​ភិក្ខុ​ណាមួយ​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636805701703060454
ទៅកាន់ទំព័រ៖