ព្រះត្រៃបិដក ភាគ ១១
បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិក គប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងលាង អាចារ្យត្រូវប្រាប់ថា អ្នកត្រូវលាងយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរនឹងលាងដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងធ្វើ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវធ្វើយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិក គួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់អន្តេវាសិក គួរនឹងស្ងោរ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អន្តេវាសិកគួរនឹងស្ងោរ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា បើចីវររបស់អន្តេវាសិកគួរនឹងជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែត្រឡប់ឲ្យសព្វល្អ
ID: 636805704870741635
ទៅកាន់ទំព័រ៖