ព្រះត្រៃបិដក ភាគ ១១

 [​៣០​]​ ​លំដាប់នោះ​ ​ទេវទត្ត​ចូល​ទៅ​រក​អជាត​សត្តុ​កុមារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​នឹង​អជាត​សត្តុ​កុមារ​ថា​ ​ម្នាល​កុមារ​ ​កាលពីដើម​ ​មនុស្ស​មាន​អាយុវែង​មែន​ ​ឥឡូវនេះ​ ​មាន​អាយុ​ខ្លី​ណាស់​ ​ព្រះអង្គ​នៅក្មេង​ក៏​ពិត​ ​តែ​គង់​ធ្វើ​មរណកាល​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​តែងតែមាន​ជា​ប្រាកដ​ ​ម្នាល​កុមារ​ ​បើ​ដូច្នោះ​ ​ចូរ​ព្រះអង្គ​សម្លាប់​បិតា​ ​ហើយ​ព្រះអង្គ​ ​នឹង​បាន​ជា​ស្តេច​ទ្រង់រាជ​ ​ឯ​អាត្មា​ក៏​សម្លាប់​ព្រះមានព្រះភាគ​ ​ហើយនឹង​បាន​ជា​ព្រះពុទ្ធ​ដែរ​។​ ​គ្រានោះ​ ​អជាត​សត្តុ​កុមារ​គិតថា​ ​លោកម្ចាស់​ទេវទត្ត​មាន​ឫទ្ធិ​ច្រើន​ផង​ ​មាន​អានុភាព​ច្រើន​ផង​ ​លោកម្ចាស់​ទេវទត្ត​ដឹង​ ​(​ការ​នេះ​)​ ​លុះ​គិត​ដូច្នោះ​ហើយ​ ​ក៏​សៀតកាំបិត​ស្នៀត​បណ្តោយ​ភ្លៅ​ ​មាន​សេចក្តី​ខ្លាច​ ​ញាប់ញ័រ​រន្ធត់​ ​តក់ស្លុត​ ​ចូល​ទៅកាន់​ព្រះរាជវាំង​ ​ដោយ​រួសរាន់​ទាំង​ថ្ងៃត្រង់​។​ ​ពួក​មហាមាត្រ​ ​ជា​អ្នករក្សា​ព្រះរាជវាំង​ ​បានឃើញ​អជាត​សត្តុ​កុមារ​ ​មាន​សេចក្តី​ខ្លាច​ ​ញាប់ញ័រ​រន្ធត់​តក់ស្លុត​ ​ចូល​ទៅ​ព្រះរាជវាំង​ ​ដោយ​រួសរាន់​ទាំង​ថ្ងៃត្រង់​ ​ក៏​នាំគ្នា​ចាប់​។​ ​ពួក​មហាមាត្រ​ទាំងនោះ​ ​ពិនិត្យមើល​ទៅ​ ​ឃើញ​មាន​សៀតកាំបិត​ស្នៀត​ ​បណ្តោយ​ភ្លៅ​ ​ក៏​ក្រាបទូល​សួរ​រឿង​នុ៎ះ​ ​នឹង​អជាត​សត្តុ​កុមារ​ថា​ ​បពិត្រ​ព្រះរាជ​កុមារ​ ​ព្រះអង្គ​ចង់​ធ្វើការ​អ្វី​។​ ​អជាត​សត្តុ​កុមារ​ឆ្លើយ​ថា​ ​យើង​ត្រូវការ​សម្លាប់​បិតា​។​ ​មហាមាត្រ​ ​ក្រាបទូល​សួរ​ថា​ ​អ្នកណា​បញ្ចេះ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636805098104276578
ទៅកាន់ទំព័រ៖