ព្រះត្រៃបិដក ភាគ ១១
ក៏ឈ្មោះថាបើកដោយប្រពៃ ភិក្ខុដែលបើក មិនត្រូវអាបត្តិ ឲ្យភិក្ខុចោទ(ភិក្ខុនី) ទោះបីភិក្ខុចោទហើយ ក៏ឈ្មោះថាចោទដោយប្រពៃ ភិក្ខុដែលចោទ មិនត្រូវអាបត្តិ ឲ្យភិក្ខុរំលឹក (ភិក្ខុនី) ទោះបីភិក្ខុរំលឹកហើយ ក៏ឈ្មោះថារំលឹកដោយប្រពៃ ភិក្ខុដែលរំលឹក មិនត្រូវអាបត្តិឡើយ។
[២៥៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទៅដោយយានដែលទឹមគោញី មានប្រុសជាអ្នកបរខ្លះ ដែលទឹមគោឈ្មោល មានស្រីជាអ្នកបរខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីអ្នកលេងទឹកក្នុងទន្លេគង្គា និងទន្លេមហី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទៅដោយយានទេ ភិក្ខុនីណាទៅ វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។
[២៥៧] សម័យនោះឯង ភិក្ខុនី១រូប មានជម្ងឺ មិនអាចនឹងដើរទៅដោយជើងបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលមានជម្ងឺទៅដោយយានបាន។ លំដាប់នោះ ភិក្ខុនីទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា (ព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតយាន)
ID: 636805774210017614
ទៅកាន់ទំព័រ៖