ព្រះត្រៃបិដក ភាគ ១១
[៣០] លំដាប់នោះ ទេវទត្តចូលទៅរកអជាតសត្តុកុមារ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងអជាតសត្តុកុមារថា ម្នាលកុមារ កាលពីដើម មនុស្សមានអាយុវែងមែន ឥឡូវនេះ មានអាយុខ្លីណាស់ ព្រះអង្គនៅក្មេងក៏ពិត តែគង់ធ្វើមរណកាលដោយហេតុណា ហេតុនុ៎ះតែងតែមានជាប្រាកដ ម្នាលកុមារ បើដូច្នោះ ចូរព្រះអង្គសម្លាប់បិតា ហើយព្រះអង្គ នឹងបានជាស្តេចទ្រង់រាជ ឯអាត្មាក៏សម្លាប់ព្រះមានព្រះភាគ ហើយនឹងបានជាព្រះពុទ្ធដែរ។ គ្រានោះ អជាតសត្តុកុមារគិតថា លោកម្ចាស់ទេវទត្តមានឫទ្ធិច្រើនផង មានអានុភាពច្រើនផង លោកម្ចាស់ទេវទត្តដឹង (ការនេះ) លុះគិតដូច្នោះហើយ ក៏សៀតកាំបិតស្នៀតបណ្តោយភ្លៅ មានសេចក្តីខ្លាច ញាប់ញ័ររន្ធត់ តក់ស្លុត ចូលទៅកាន់ព្រះរាជវាំង ដោយរួសរាន់ទាំងថ្ងៃត្រង់។ ពួកមហាមាត្រ ជាអ្នករក្សាព្រះរាជវាំង បានឃើញអជាតសត្តុកុមារ មានសេចក្តីខ្លាច ញាប់ញ័ររន្ធត់តក់ស្លុត ចូលទៅព្រះរាជវាំង ដោយរួសរាន់ទាំងថ្ងៃត្រង់ ក៏នាំគ្នាចាប់។ ពួកមហាមាត្រទាំងនោះ ពិនិត្យមើលទៅ ឃើញមានសៀតកាំបិតស្នៀត បណ្តោយភ្លៅ ក៏ក្រាបទូលសួររឿងនុ៎ះ នឹងអជាតសត្តុកុមារថា បពិត្រព្រះរាជកុមារ ព្រះអង្គចង់ធ្វើការអ្វី។ អជាតសត្តុកុមារឆ្លើយថា យើងត្រូវការសម្លាប់បិតា។ មហាមាត្រ ក្រាបទូលសួរថា អ្នកណាបញ្ចេះព្រះអង្គ។
ID: 636805098104276578
ទៅកាន់ទំព័រ៖