ព្រះត្រៃបិដក ភាគ ១៣
[៤០៩] ទីនោះ មិនមែនជាសេនាសនៈនៅក្នុងព្រៃ ដែលគេសន្មតថា ប្រកបដោយសេចក្តីរង្កៀសទេ ទាំងសង្ឃ ក៏មិនបានឲ្យសម្មតិ ទាំងភិក្ខុនោះ ក៏មិនបានក្រាលកឋិន (បើភិក្ខុនោះ) ទុកចីវរក្នុងទីនោះ ហើយទៅកាន់ទីមានប្រមាណកន្លះយោជន៍ លុះអរុណរះឡើង ភិក្ខុនោះ ក៏មិនត្រូវអាបត្តិឡើយ(១) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១០] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយកាយ មិនប្រកបដោយវាចា ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ(២) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
[៤១១] ភិក្ខុត្រូវអាបត្តិទាំងពួង មានវត្ថុផ្សេងៗគ្នា ប្រកបដោយវាចា មិនប្រកបដោយកាយ ក្នុងខណៈជាមួយគ្នា មិនមុនមិនក្រោយ(៣) ប្រស្នានេះ ពួកលោកអ្នកឈ្លាសវៃ បានគិតមកហើយ។
(១) អដ្ឋកថា ថា បានជាមិនត្រូវអាបត្តិ ព្រោះភិក្ខុនោះ ទៅនៅអាស្រ័យក្រោមម្លប់ឈើរបស់ត្រកូល១ មានមែកធំ ហើយវែង ចំនួន១យោជន៍ ឬ២យោជន៍ ទោះបីភិក្ខុនោះទុកដាក់ចីវរក្រោមម្លប់ឈើនោះ ហើយដើរទៅចម្ងាយកន្លះយោជន៍ ហើយអរុណរះឡើង ក៏មិនត្រូវអាបត្តិ ដ្បិតមិនផុតពីម្លប់នៅឡើយ។ (២) [សំដៅយកភិក្ខុដែលចាប់សក់ ឬម្រាមដៃជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។ (៣) គឺភិក្ខុពោលពាក្យអាក្រក់ ចំពោះទ្វារមគ្គជាដើម របស់ស្ត្រីច្រើននាក់ ក្នុងវេលាជាមួយគ្នា។
ID: 636804176942659147
ទៅកាន់ទំព័រ៖