ព្រះត្រៃបិដក ភាគ ១៤
វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំធ្វើអំពើអាក្រក់ និងការប្លន់ ការកំហែងយកទ្រព្យ។ នេះជាសីលរបស់ភិក្ខុនោះ។
ចប់ ចូឡសីល។
[១០៤] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ។ គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។
[១០៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ។ ការសន្សំទុកនោះ តើដូចម្តេច។
ID: 636809416977540092
ទៅកាន់ទំព័រ៖