ព្រះត្រៃបិដក ភាគ ១៥
ដើម្បីភាវៈជាភិក្ខុ ឯតថាគត ដឹងនូវសេចក្តីផ្សេងគ្នា នៃបុគ្គលក្នុងកិច្ចដែលនៅបរិវាសនេះ
(១) ។ អចេលកស្សប ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលធ្លាប់ជាអន្យតិរ្ថិយមកហើយ ចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ដូច្នេះ ខ្ញុំព្រះអង្គ នឹងនៅរហូត៤ឆ្នាំបាន លុះកន្លង៤ឆ្នាំហើយ ភិក្ខុទាំងឡាយគង់មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ។ អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភាគ លុះព្រះកស្សបមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ជាបុគ្គលម្នាក់ឯង ដោះខ្លួនចេញចាកពួក ឥតមានសេចក្តីប្រមាទ ខំព្យាយាមដុតនូវកិលេស ប្រថុយលះបង់នូវអត្តភាព ពួកកុលបុត្ត ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងអត្តភាពនេះ
(១) អដ្ឋកថា ថា ទ្រង់ជ្រាបថា បុគ្គលនេះ គួរនៅបរិវាស បុគ្គលនេះ មិនគួរនៅបរិវាស។
ID: 636811812995474479
ទៅកាន់ទំព័រ៖