ព្រះត្រៃបិដក ភាគ ១៥
រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បានថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ។ ភិក្ខុនោះ រលឹកបាននូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រយ៉ាងនេះ។ម្នាលមាណព ដូចបុរស ចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះឯង ក៏ត្រឡប់មកពីស្រុកនោះ ហើយមកកាន់ស្រុករបស់ខ្លួនវិញ ហើយបុរសនោះ ក៏នឹងរលឹកឃើញយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ
ID: 636811838273030273
ទៅកាន់ទំព័រ៖