ព្រះត្រៃបិដក ភាគ ១៥
ម្នាលកស្សប កាលណាបើភិក្ខុចំរើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចបន្តួចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះមិនគួរឡើយ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញធ្លាប់ជាអ្នកមានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ។បេ។ អាត្មាអញ ធ្លាប់ជាអ្នកមានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា។
ID: 636811809674524532
ទៅកាន់ទំព័រ៖