ព្រះត្រៃបិដក ភាគ ១៧
[២១] ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ឥន្ទ្រិយរបស់ព្រះបាទមហាសុទស្សនៈ ថ្លាស្អាតណាស់តើ ព្រះឆវិវណ្ណផូរផង់ សូមព្រះបាទមហាសុទស្សនៈ កុំទិវង្គតឡើយ។ ទើបព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលសេចក្តីនុ៎ះ នឹងព្រះបាទមហាសុទស្សនៈថា បពិត្រព្រះសម្មតិទេព នគរទាំង៨៤០០០ របស់ព្រះអង្គនេះ មានមគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កូដាគារប្រាសាទ៨៤០០០របស់ព្រះអង្គ មានប្រាសាទឈ្មោះកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានប្រាក់ទាំងនុ៎ះ សូមព្រះអង្គ ទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ ជាបល្លង្កមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាល
ID: 636816171968588579
ទៅកាន់ទំព័រ៖