ព្រះត្រៃបិដក ភាគ ១៨
អគ្គញ្ញសូត្រ ទី៤
[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់មិគារមាតា (នាងវិសាខា) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ
(១) មានប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាស ក្នុងសំណាក់ភិក្ខុទាំងឡាយ។ លំដាប់នោះឯង វេលាថ្ងៃរសៀល ព្រះមានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយចុះអំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញព្រះមានព្រះភាគ ដែលទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ លុះឃើញហើយ ក៏ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ កំពុងចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មក យើងនឹងចូលទៅ
(១) អដ្ឋកថា ថា សាមណេរទាំងពីររូបនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល មានទ្រព្យ៤០កោដិដូចគ្នា ជាអ្នកបានរៀនចេះចប់ត្រៃវេទ បានស្តាប់វាសេដ្ឋសូត្រហើយ ក៏ដល់សរណគមន៍ លុះស្តាប់តេវិជ្ជសូត្រហើយ ក៏បួសជាសាមណេរ ដល់ពេលនេះ មានប្រាថ្នានឹងបួសជាភិក្ខុទៀត ទើបនៅតិត្ថិយបរិវាស។
ID: 636817217878691215
ទៅកាន់ទំព័រ៖