ព្រះត្រៃបិដក ភាគ ១៨
គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ។
[១២២] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាព្រះសមណគោតម មិនព្យាករពាក្យនុ៎ះ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយធម៌ មិនមែនជាដើមចម នៃសាសនព្រហ្មចារ្យ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ
ID: 636817257392261262
ទៅកាន់ទំព័រ៖