ព្រះត្រៃបិដក ភាគ ១៨
ចូរអ្នកត្រឡប់ទៅកាន់ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្ត មួយវិញទៀត ព្រះសមណគោតម បានត្រាស់ព្រះវាចានេះ ក្នុងកណ្តាលបរិសទ្យថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅវិញចុះ យើងនឹងឲ្យជ័យជំនះដល់អ្នក និងឲ្យព្រះសមណគោតមចាញ់វិញ ព្រោះការដែលអ្នកហ៊ានត្រឡប់ទៅវិញប៉ុណ្ណោះ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ ក៏និយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រនោះ និយាយនឹងអចេលបាដិកបុត្រយ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំងជាប់ស្អិតនៅនឹងគូថរបស់អ្នក បានជាអ្នកនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។
ID: 636817150137956667
ទៅកាន់ទំព័រ៖