ព្រះត្រៃបិដក ភាគ ២០
សព្វាសវសំវរសូត្រ ទី២
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវហេតុ នៃសេចក្តីសង្រួមក្នុងអាសវៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវហេតុនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវធម៌
(១) ទាំងឡាយ របស់បុគ្គលអ្នកដឹង អ្នកឃើញ មិនមែនពោលនូវការអស់ទៅ នៃអាសវៈទាំងឡាយ របស់បុគ្គលអ្នកមិនដឹង មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ
(១) អាសវធម៌ ប្រែថា សភាវៈដែលត្រាំ ឬហូរទៅអំពីភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ហៅថា អាសវៈ ។ ក្នុងអដ្ឋកថា ថា អាសវៈ មាន៣ក៏មាន មាន៤ក៏មាន ដែលមាន៣គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ដែលមាន៤គឺ ថែមទិដ្ឋាសវៈ ចូលមកផង។
ID: 636821239276145959
ទៅកាន់ទំព័រ៖