ព្រះត្រៃបិដក ភាគ ២០

 [​១៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្តេជ្ញា​ថា​ ​ជា​អ្នកពោល​នូវ​ការកំណត់​ដឹង​ ​នូវ​ឧបាទាន​ទាំងអស់​ ​តែង​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​ឧបាទាន​ទាំងអស់​ ​ដោយ​ប្រពៃ​ ​គឺ​បញ្ញត្ត​នូវ​ការកំណត់​ដឹង​កាមុបាទាន​ ​បញ្ញត្ត​នូវ​ការកំណត់​ដឹង​ទិ​ដ្ឋុ​បា​ទាន​ ​បញ្ញត្ត​នូវ​ការកំណត់​ដឹង​សីលព្វតុបាទាន​ ​បញ្ញត្ត​នូវ​ការកំណត់​ដឹង​អត្ត​វា​ទុ​បា​ទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ជ្រះថ្លា​ណា​ ​ក្នុង​សាស្តា​ ​ក្នុង​ធម្មវិន័យ​បែបនេះ​ឯង​ ​សេចក្តី​ជ្រះថ្លា​នោះ​ ​ហៅថា​ ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​សេចក្តី​ជ្រះថ្លា​ក្នុង​ធម៌​ ​ក៏​ហៅថា​ ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​ការ​ធ្វើឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ ​ក៏​ហៅថា​ ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​សេចក្តី​ស្រឡាញ់​ ​ពេញចិត្ត​ ​ក្នុង​សហធម្មិក​ទាំងឡាយ​ ​ក៏​ហៅថា​ ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បាន​ជា​យ៉ាងនេះ​ ​ព្រោះហេតុតែ​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​ធម៌​ស្រោចស្រង់​សត្វ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ស្ងប់​ទុក្ខ​ ​ជា​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ទុក​ហើយ​ ​ដោយពិត​។​
 [​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​ទាំង៤​ ​នេះឯង​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636821407239682924
ទៅកាន់ទំព័រ៖