ព្រះត្រៃបិដក ភាគ ២១

ឯ​ញាណទស្សនៈ​ ​របស់​តថាគត​ ​ក៏​កើតឡើង​ថា​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​ ​ធ្វើ​កាលកិរិយា​ ​អំពី​ពេល​ពាក់កណ្តាល​អធ្រាត្រ​ទៅ​ហើយ​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឧទ្ទ​ក​តាបស​រាម​បុត្រ​នេះ​ ​ជា​បុគ្គល​មាន​សេចក្តី​វិនាស​ធំ​ ​ព្រោះថា​បើ​គាត់​បាន​ស្តាប់ធម៌​នេះ​ ​សមជា​ត្រាស់​ដឹង​មួយរំពេច​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គួរ​សំដែងធម៌​ ​ប្រោស​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់រហ័ស​បាន​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ទៀត​ថា​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​តថាគត​ ​ព្រោះ​បាន​បម្រើ​តថាគត​ ​ដែល​កំពុង​បញ្ជូន​ចិត្ត​ទៅកាន់​ព្យាយាម​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​សំដែងធម៌​ ​ប្រោស​បញ្ចវគ្គិយ​ភិក្ខុ​ជាមុន​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​នៅឯណា​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​នៅក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​ ​ដោយ​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ស្អាត​ ​កន្លង​លើស​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​តថាគត​ ​សម្រេច​ឥរិយាបថ​ ​ក្នុង​ឧរុ​វេលា​ប្រទេស​ ​តាម​សមគួរ​ដល់​អធ្យាស្រ័យ​ ​ហើយ​ចៀសចេញ​ ​ទៅកាន់​ចារិក​ក្នុង​ក្រុង​ពារាណសី​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636822553266031882
ទៅកាន់ទំព័រ៖