ព្រះត្រៃបិដក ភាគ ២១
សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះ ថាដូចជាបុរសនោះដែរ។
[៩៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា ជាអ្នកមានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួចយ៉ាងនេះហើយ រមែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង រមែងព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា
ID: 636822580202772575
ទៅកាន់ទំព័រ៖