ព្រះត្រៃបិដក ភាគ ២១
សទ្ធាចុះ ម្នាលព្រហ្ម តថាគតមានសេចក្តីសំគាល់ ក្នុងការនាំឲ្យលំបាកកាយ និងវាចា បានជាមិនសំដែងធម៌ដ៏ឧត្តមដែលតថាគត ស្ទាត់ហើយ ក្នុងពួកមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម គិតថា ខ្លូនអញ ជាបុគ្គល ដែលព្រះមានព្រះភាគ ទ្រង់ទទួលព្រមនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់អំពីទីនោះទៅ។
[៦២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ គួរសំដែងធម៌ ដល់អ្នកណាជាមុនហ្ន៎ អ្នកណា នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះ ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌ប្រោសអាឡារតាបសកាលាមគោត្រ ជាមុនចុះ តាបសនោះ នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អាឡារតាបសកាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយ។
ID: 636822552775593831
ទៅកាន់ទំព័រ៖