ព្រះត្រៃបិដក ភាគ ២២
មិនមានលើសលុបជាងនេះ ទៅទៀតទេ។ ចំណែកខាងអាត្មាអញ មិនទាន់បានត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយ ទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះ នៅឡើយ។ ផ្លូវដទៃប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ះ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលដែលអាត្មាអញ អង្គុយនៅក្រោមម្លប់ នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ចការ របស់សក្យរាជ ជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយទេដឹង។ ម្នាលអគ្គិវេស្សនៈ វិញ្ញាណ ជាគ្រឿងរលឹកតាមនូវស្មារតី ក៏កើតឡើង ដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះ ឬហ្ន៎។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះទេ។
ID: 636824851711277619
ទៅកាន់ទំព័រ៖