ព្រះត្រៃបិដក ភាគ ២២
ព្រាហ្មណ៍ និងគហបតី ក្រាបបង្គំទូលថា កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារហើយ យើងទាំងឡាយ មិនអាចនឹងដឹងសេចក្តីដោយពិស្តារទៅបានទេ កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារទេ តែថាយើងទាំងឡាយ អាចនឹងដឹងសេចក្តីដោយពិស្តារទៅបាន ដោយប្រការយ៉ាងណា សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស សំដែងធម៌ដល់យើងខ្ញុំទាំងឡាយ ដោយប្រការយ៉ាងនោះឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលគហបតីទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកសាលៈ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១២៤] ព្រះមានព្រះភាគ ត្រាស់ភាសិតនេះថា ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ
ID: 636824910193982352
ទៅកាន់ទំព័រ៖