ព្រះត្រៃបិដក ភាគ ២៣

 [​៤៨​]​ ​ម្នាល​គហបតី​ ​ដូចជា​សត្វ​ត្មាត​ ​ខ្លែងក្រហម​ ​ឬ​ខ្លែង​ខ្មៅ​ ​ពាំនាំ​ដុំ​សាច់​ហើរ​ទៅ​ ​មាន​ពួក​ត្មាត​ខ្លះ​ ​ពួក​ខ្លែងក្រហម​ខ្លះ​ ​ពួក​ខ្លែង​ខ្មៅ​ខ្លះ​ ​នាំគ្នា​ហើរ​ដេញ​តាម​សត្វ​ត្មាត​ជាដើម​នោះ​ ​ចឹក​ជ​ញ្ចែង​ដណ្តើម​យក​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បើ​សត្វ​ត្មាត​ ​ខ្លែងក្រហម​ ​ឬ​ខ្លែង​ខ្មៅ​នោះ​ ​មិន​លះ​ចោល​ដុំ​សាច់​នោះ​ ​ដោយ​ឆាប់​ទេ​ ​ក៏​ត្មាត​ជាដើម​នោះ​ ​នឹង​ដល់​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​ព្រោះ​ដុំ​សាច់​នោះ​ជាហេតុ​ ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​ដុំ​សាច់​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​ ​អរិយសាវ័ក​ ​ឃើញ​សេចក្តី​នេះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ក៏​លះបង់​នូវ​ឧបេក្ខា​ ​ដែល​មាន​សភាព​ផ្សេងគ្នា​ ​អាស្រ័យ​អារម្មណ៍​មាន​សភាព​ផ្សេងគ្នា​ ​ចំរើន​ឧបេក្ខា​ ​ដែល​មាន​សភាព​តែមួយ​ ​អាស្រ័យ​អារម្មណ៍​ ​មាន​សភាព​តែមួយ​ ​និង​ឧបេក្ខា​ជាទី​រលត់​ ​នៃ​ឧបាទាន​ជា​លោកាមិសៈ​ ​មិន​មាន​សេសសល់​ ​ដោយ​ប្រការ​ទាំងពួង​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636826029068363273
ទៅកាន់ទំព័រ៖