ព្រះត្រៃបិដក ភាគ ២៤
ចូឡសកុលុទាយិសូត្រ ទី៩
[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង បរិព្វាជកឈ្មោះសកុលុទាយិ នៅអាស្រ័យក្នុងបរិព្វាជការាម ឈ្មោះមោរនិវាបៈ ជាមួយនឹងបរិព្វាជកបរិស័ទច្រើននាក់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងវេលានោះយ៉ាងនេះថា ការត្រាច់ទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែតថាគត ចូលទៅរកសកុលុទាយិបរិព្វាជក ឯបរិព្វាជការាម ឈ្មោះមោរនិវាបៈសិន។ ព្រះមានព្រះភាគ ក៏ទ្រង់ស្តេចចូលទៅរកបរិព្វាជការាម ឈ្មោះមោរនិវាបៈ។
ID: 636830218033668384
ទៅកាន់ទំព័រ៖