ព្រះត្រៃបិដក ភាគ ២៤
[៣០៨] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច ដែនកាសី និងដែនកោសល តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ដែនកាសី និងដែនកោសល ជាទីស្រឡាញ់របស់អញ ម្នាលមល្លិកា (ព្រោះ) យើងប្រើប្រាស់ខ្លឹមចន្ទន៍ ដែលបានមកអំពីដែនកាសី ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ដោយអានុភាព នៃដែនកាសី និងដែនកោសល។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច (បើ) ដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ឱមល្លិកា បើដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃទៅ សូម្បីជីវិតរបស់អញ ក៏មុខជាវិបត្តិ ប្រែប្រួលទៅដែរ ចំណង់បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងខានកើតដល់អញ ឯណាបាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរនេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតឡើងមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។
ID: 636830300688497901
ទៅកាន់ទំព័រ៖