ព្រះត្រៃបិដក ភាគ ២៦
មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។
[២៩០] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗដូចម្តេច ទើបញុំាងពោជ្ឈង្គៈទាំង៧ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យនោះ ស្មារតីដែលភិក្ខុនោះតំកល់ខ្ជាប់ហើយ ក៏មិនបានវង្វេង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ស្មារតីដែលភិក្ខុតំកល់ខ្ជាប់ហើយ មិនបានវង្វេង ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ជាអ្នកមានស្មារតីដូច្នោះ ក៏ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា
ID: 636831829263927415
ទៅកាន់ទំព័រ៖