ព្រះត្រៃបិដក ភាគ ២៦
ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ កាយរបស់ភិក្ខុ ដែលមានចិត្តប្រកបដោយបីតិ ក៏ស្ងប់ស្ងាត់ ទាំងចិត្ត ក៏ស្ងប់ស្ងាត់ដែរ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា បើកាយរបស់ភិក្ខុមានចិត្តប្រកបដោយបីតិស្ងប់ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់ហើយ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ ចិត្តរបស់ភិក្ខុ ដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ ក៏តាំងនៅខ្ជាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ចិត្តរបស់ភិក្ខុដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ តាំងនៅខ្ជាប់ហើយ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ញុំាងចិត្តដែលតាំងនៅខ្ជាប់ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួល។
ID: 636831829730304090
ទៅកាន់ទំព័រ៖