ព្រះត្រៃបិដក ភាគ ២៦
ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខទាំងប៉ុណ្ណេះ គប្បីសាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះទេ អ្នកទាំងឡាយ ឈ្មោះថា មិនដឹងនូវការលះបង់អកុសលធម៌ មិនដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះទេ កាលបើមិនដឹងយ៉ាងនេះហើយ ពួកនិគ្រន្ថដ៏មានអាយុ មិនគួរនឹងនិយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ
ID: 636831619203032619
ទៅកាន់ទំព័រ៖