ព្រះត្រៃបិដក ភាគ ២៦
ជាអ្នកវៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ពួកស្ត្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្ត្រីមានប្តី ជាស្ត្រីប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីគេនាវទុក ដោយផ្កាកម្រង ជាអ្នកមិនប្រព្រឹត្តកន្លង ចំពោះស្ត្រី មានសភាពដូច្នោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវកាយសមាចារ មានសភាពដូច្នេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវកាយសមាចារ ថាមានពីរយ៉ាង គឺ កាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវកាយសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺព្រះអង្គត្រាស់ សំដៅយកហេតុនេះឯង។
[២០៣] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងនូវវចីសមាចារ ថាមានពីរយ៉ាង គឺ វចីសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវវចីសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះឯង តើទ្រង់ត្រាស់សំដៅហេតុអ្វី។
ID: 636831797399894896
ទៅកាន់ទំព័រ៖