ព្រះត្រៃបិដក ភាគ ២៧
គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយសឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុក៏ពិចារណា ឃើញសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។
[៩] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អនិមិត្តចេតោសមាធិ នេះ អាត្មាអញ បានតាក់តែងហើយ បានរិះគិតសន្សំហើយ។ ភិក្ខុនោះដឹងទៀតថា បើធម្មជាតិណាមួយ ដែលអាត្មាអញ តាក់តែងហើយ រិះគិតសន្សំហើយ ធម្មជាតិនោះ មិនទៀង មានការរលត់ជាធម្មតា។
ID: 636847436359929479
ទៅកាន់ទំព័រ៖