ព្រះត្រៃបិដក ភាគ ២៧

លុះ​វេលា​ថ្ងៃត្រង់​ ​ព្រះរាជា​ ​មាន​ព្រះ​ឱង្ការ​សួរ​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ ​ចុះ​បុរស​នោះ​ ​តើ​ដូចម្តេច​ទៅ​។​ ​ពួក​រាជបុរស​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នោះ​ ​រស់នៅ​ឡើយ​ទេ​។​ ​ព្រះរាជា​ ​ត្រាស់​បង្គាប់​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ ​ចូរ​អ្នករាល់គ្នា​ ​ទៅ​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នោះ​ ​ក្នុង​វេលា​ថ្ងៃត្រង់​ចុះ​។​ ​ពួក​រាជបុរស​ ​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នោះ​ ​ក្នុង​វេលា​ថ្ងៃត្រង់​។​ ​លុះ​វេលា​ថ្ងៃរសៀល​ ​ព្រះរាជា​ ​ក៏​មាន​ព្រះ​ឱង្ការ​សួរ​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ ​ចុះ​បុរស​នោះ​ ​តើ​ដូចម្តេច​ទៅ​។​ ​ពួក​រាជបុរស​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នោះ​ ​រស់នៅ​ឡើយ​ទេ​។​ ​ព្រះរាជា​ ​មាន​ព្រះ​ឱង្ការ​បង្គាប់​ ​យ៉ាងនេះ​ថា​ ​នែ​ប្រស្តែង​ ​ចូរ​អ្នករាល់គ្នា​ ​ទៅ​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នោះ​ ​ក្នុង​វេលា​ថ្ងៃរសៀល​ចុះ​។​ ​លុះ​វេលា​ថ្ងៃរសៀល​ ​ពួក​រាជបុរស​ ​ក៏​យក​លំពែង​មួយ​រយ​ ​ចាក់​បុរស​នោះ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​កាលបើ​គេ​ចាក់​ដោយ​លំពែង​បី​រយ​ ​តើ​នឹង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ព្រោះ​លំពែង​នោះ​ជាហេតុ​ដែរ​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បុរស​នោះ​ ​សូម្បី​គេ​ចាក់​ដោយ​លំពែង​តែមួយ​ ​ក៏​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ព្រោះ​លំពែង​នោះ​ ​ជាហេតុ​ទៅ​ហើយ​ ​ចាំបាច់​និយាយ​ថ្វី​ ​ដល់ទៅ​ចាក់​ដោយ​លំពែង​បី​រយ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636847501517616286
ទៅកាន់ទំព័រ៖