ព្រះត្រៃបិដក ភាគ ២៧
លុះវេលាថ្ងៃត្រង់ ព្រះរាជា មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា ត្រាស់បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់ចុះ។ ពួករាជបុរស យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់។ លុះវេលាថ្ងៃរសៀល ព្រះរាជា ក៏មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា មានព្រះឱង្ការបង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃរសៀលចុះ។ លុះវេលាថ្ងៃរសៀល ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលបើគេចាក់ដោយលំពែងបីរយ តើនឹងទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះជាហេតុដែរឬទេ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ សូម្បីគេចាក់ដោយលំពែងតែមួយ ក៏ទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅចាក់ដោយលំពែងបីរយ។
ID: 636847501517616286
ទៅកាន់ទំព័រ៖