ព្រះត្រៃបិដក ភាគ ២៧
ព្រោះថា ជយសេនរាជកុមារ កំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាតនោះ ដូចម្តេចកើត ពាក្យដូច្នេះនេះ មិនសមហេតុទេ។
[៦១] ម្នាលអគ្គិវេស្សនៈ ដូចសត្វពាហនៈ ២ពួក គឺ ដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ដែលគេទូន្មានបានល្អហើយ១។ សត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់ទូន្មាននៅឡើយ១ ដែលគេទូន្មានមិនទាន់បាន១។ ម្នាលអគ្គិវេស្សនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ទូន្មានបានល្អហើយ១ ចុះពួកសត្វ ដែលគេកំពុងទូន្មាននោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មានដែរឬទេ។
ID: 636847451596370954
ទៅកាន់ទំព័រ៖