ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុទាំងឡាយ នេះ ជាឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តាឧបេក្ខាទាំងពីរនោះ អ្នកទាំងឡាយ ចូរអាស្រ័យ ពឹងផ្អែកនឹងឧបេក្ខាជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាផ្សេងគ្នា មានអារម្មណ៍ផ្សេងគ្នាចេញ ការលះបង់នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរអាស្រ័យនឹងតណ្ហា ពឹងផ្អែកនឹងតណ្ហា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាចេញ ការលះបង់ឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត ពោលហើយថា បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនឹងធម៌នេះ ហើយលះបង់នូវធម៌នេះចេញ ដូច្នេះនេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យហេតុនេះឯង។
[១០៨] ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅគណៈបាន ដូច្នេះនេះ តថាគតបានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។
ID: 636848198616088038
ទៅកាន់ទំព័រ៖