ព្រះត្រៃបិដក ភាគ ២៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ជា​ឧបេក្ខា​ជាមួយគ្នា​ ​អាស្រ័យ​នូវ​អារម្មណ៍​ជាមួយគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ឧបេក្ខា​ទាំងពីរ​នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​ ​ពឹងផ្អែក​នឹង​ឧបេក្ខា​ជាមួយគ្នា​ ​មាន​អារម្មណ៍​ជាមួយគ្នា​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​ឧបេក្ខា​ផ្សេងគ្នា​ ​មាន​អារម្មណ៍​ផ្សេងគ្នា​ចេញ​ ​ការ​លះបង់​នូវ​ឧបេក្ខា​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​ការ​កន្លង​ឲ្យ​ផុត​ ​នូវ​ឧបេក្ខា​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​នឹង​តណ្ហា​ ​ពឹងផ្អែក​នឹង​តណ្ហា​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​ឧបេក្ខា​ជាមួយគ្នា​ ​មាន​អារម្មណ៍​ជាមួយគ្នា​ចេញ​ ​ការ​លះបង់​ឧបេក្ខា​នុ៎ះ​ ​យ៉ាងនេះ​ឯង​ ​ការ​កន្លង​ឲ្យ​ផុត​ ​នូវ​ឧបេក្ខា​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​នឹង​ធម៌​នេះ​ ​ហើយ​លះបង់​នូវ​ធម៌​នេះ​ចេញ​ ​ដូច្នេះ​នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​
 ​[​១០៨​]​ ​ពាក្យ​ថា​ ​សតិ​ប្ប​ដ្ឋាន​ ​មាន៣ប្រការ​ ​ដែល​សាស្តា​ដ៏​ប្រសើរ​ ​តែង​សេព​ ​កាល​សាស្តា​ដ៏​ប្រសើរ​សេព​ហើយ​ ​ទើប​គួរ​នឹង​ប្រៀនប្រដៅ​គណៈ​បាន​ ​ដូច្នេះ​នេះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ពោល​ព្រោះ​អាស្រ័យ​អ្វី​។​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636848198616088038
ទៅកាន់ទំព័រ៖