ព្រះត្រៃបិដក ភាគ ២៨
រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ គោគួរទូន្មាន ដែលទម័កគោ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាងជើងក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរសគួរទូន្មាន ដែលព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិស ទាំង៨បាន គឺបុគ្គលបាននូវរូបជ្ឈាន តែងមើលឃើញ នូវរូបទាំងឡាយ នេះជាទិសទី១។ បុគ្គលមិនបានសំគាល់នូវរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅទាំងឡាយ នេះជាទិសទី២។ បុគ្គលបង្អោនចិត្តទៅកាន់អារម្មណ៍ថា (នេះ) ល្អដូច្នេះ នេះជាទិសទី៣។ បុគ្គល ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញា ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ នេះជាទិសទី៤។
ID: 636848199653107352
ទៅកាន់ទំព័រ៖