ព្រះត្រៃបិដក ភាគ ២៩
ព្រះអង្គ ទ្រង់ផ្ទំដោយសេចក្តីវង្វេងជ្រប់ឬ ឬក៏ផ្ទំដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោង ប្រយោជន៍របស់ព្រះអង្គ មិនមានច្រើនទេឬ ព្រោះហេតុអ្វី ព្រះអង្គជាបុគ្គលម្នាក់ឯង មានព្រះភក្ត្រឆ្ពោះទៅកាន់ការលក់ ទ្រង់ផ្ទំលក់លើអាសនៈសម្រាប់ផ្ទំដ៏ស្ងាត់យ៉ាងនេះ។
[៤៥៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា តថាគត មិនមែនសិង ដោយសេចក្តីវង្វេងជ្រប់ទេ មិនមែនសិងដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោងទេ តថាគត បានសម្រេចប្រយោជន៍ ប្រាសចាកសេចក្តីសោកហើយ តថាគត តែម្នាក់ឯង ជាអ្នកអនុគ្រោះ ដល់សត្វទាំងអស់ សិងលើអាសនៈសម្រាប់សិងដ៏ស្ងាត់ ឯពួកជនណា ដែលមានសរ មុតត្រង់ទ្រូង (សរនោះ) រមែងជ្រួតជ្រាបទៅកាន់ហឫទ័យភ្លាមៗ ជនទាំងនោះឯង ឈ្មោះថា ប្រកបដោយសរ រមែងបាននូវការដេកលក់ ក្នុងលោកនេះ តថាគត ជាអ្នកប្រាសចាកសរ លែងដេកលក់ហើយ កាលតថាគត ភ្ញាក់ ក៏លែងរង្កៀស ទាំងលែងខ្លាចនឹងការដេកលក់ ព្រោះហេតុអ្វី (ព្រោះថា) ថ្ងៃនិងយប់ មិនបានដុតកំដៅ នូវតថាគតឡើយ
ID: 636848516384588066
ទៅកាន់ទំព័រ៖