ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី១០
[៣៤៩] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅអគ្គាឡវចេតិយ ក្បែរក្រុងអាឡវី។ គ្រានោះឯង ពួកអាឡវិកភិក្ខុ កាលធ្វើនវកម្ម ក៏ជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដី។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រមិនសមបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដីសោះ ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ ហ៊ានបៀតបៀនវត្ថុរស់ដែលមានឥន្ទ្រិយមួយ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកអាឡវិកភិក្ខុ មិនគួរបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដីសោះ។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដី ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលតបវិញថា សូមទ្រង់មេត្ដាប្រោស ការនោះពិតមែន។
ID: 636783454559715841
ទៅកាន់ទំព័រ៖