ព្រះត្រៃបិដក ភាគ ០៣
មានដីស្អិតច្រើន ឬជាផែនដីគេមិនដែលដុត តថាគតហៅថា ជាតបឋវី។ ម្យ៉ាងទៀត គំនរអាចម៍ដីណាក្ដី គំនរដីស្អិតណាក្ដី ដែលមានភ្លៀងធ្លាក់ត្រូវជាង៤ខែ គំនរនេះឯង តថាគតហៅថា ជាតបឋវីដែរ។ ដែលហៅថា អជាតបឋវី (នោះ) គឺផែនដីដែលមានថ្មសុទ្ធ មានក្រួសសុទ្ធ មានបំណែកអម្បែងសុទ្ធ មានក្រួសរវានសុទ្ធ មានខ្សាច់សុទ្ធ មានអាចម៍ដីតិច មានដីស្អិតតិច មានថ្មច្រើន មានក្រួសច្រើន មានបំណែកអម្បែងច្រើន មានក្រួសរវានច្រើន មានខ្សាច់ច្រើន ជាផែនដីដែលគេដុតហើយ តថាគតក៏ហៅថា អជាតបឋវី។ ម្យ៉ាងទៀតគំនរអាចម៍ដីណាក្ដី គំនរដីស្អិតណាក្ដី ដែលមានភ្លៀងធ្លាក់ចុះថយ ពី៤ ខែមក ផែនដីនេះតថាគតក៏ ហៅថា អជាតបឋវីដែរ។
[៣៥១] ត្រង់ពាក្យថា ជីកដោយខ្លួនឯង គឺភិក្ខុជីកដោយខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រើអ្នកដទៃឱ្យជីក គឺភិក្ខុបង្គាប់អ្នកដទៃឱ្យជីក ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុបង្គាប់មនុស្សឱ្យជីកតែម្ដង មនុស្សនោះទៅជីកច្រើនផង ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783455171280820
ទៅកាន់ទំព័រ៖