ព្រះត្រៃបិដក ភាគ ០៣
នែពួកមោឃបុរស ដំណើរនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយកាលដឹង ហើយបង្អោននូវលាភរបស់សង្ឃ ដែលគេនឹងបង្អោនទៅ (ដើម្បីសង្ឃ) មកដើម្បីខ្លួនវិញ ភិក្ខុនោះត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទបឋមបារាជិករួចហើយ។ ដែលហៅថា ដឹង (ក្នុងសិក្ខាបទនេះ) គឺដឹងខ្លួនឯងក្ដី អ្នកដទៃមកប្រាប់ភិក្ខុនោះក្ដី អ្នកម្ចាស់ទាននោះមកប្រាប់ (ដល់ភិក្ខុនោះ)ក្ដី។ ដែលហៅថារបស់សង្ឃនោះ គឺទាយកបានវេរ ប្រគេនបរិច្ចាគដល់សង្ឃហើយ។ ដែលហៅថា លាភនោះ បានដល់ ចីវរ បិណ្ឌបាត សេនាសនៈនិងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្ស ជម្ងឺ ដោយហោចទៅ ដុំនៃលំអិតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ក៏ហៅថាលាភដែរ។ ដែលហៅថា បង្អោននោះ គឺម្ចាស់ទានបញ្ចេញ វាចាថា ពួកយើងនឹងឱ្យ ពួកយើងនឹងធ្វើ។ ភិក្ខុបង្អោន (លាភ)មកដើម្បីខ្លួន ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ លាភនោះជានិស្សគ្គិយ ក្នុងខណៈដែលបានមក ភិក្ខុត្រូវលះបង់ដល់់សង្ឃក៏បាន គណៈក៏បាន
ID: 636783336537605362
ទៅកាន់ទំព័រ៖