ព្រះត្រៃបិដក ភាគ ០៣
អ្នកឯងកាលឧបាសកពោលថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនព្រមបង្អង់ចាំ មែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងកាលដែលឧបាសកពោលថា លោកម្ចាស់ សូមលោកបង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនសមបើមិនបង្អង់ឱ្យគេទេ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមិនមែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ស្ដេចក្ដី រាជអាមាត្យក្ដី ព្រាហ្មណ៍ក្ដី គហបតិក្ដី បញ្ជូនដម្លៃចីវរទៅ ដោយបម្រើចំពោះភិក្ខុមួយរូបថា អ្នកឯងចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យភិក្ខុឈ្មោះនេះស្លៀកដណ្ដប់ចីវរចុះ។ បើបម្រើនោះ ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា លោកម្ចាស់ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ លោកដ៏មានអាយុសូមទទួលយកដម្លៃចីវរចុះ។ ភិក្ខុនោះត្រូវនិយាយពាក្យយ៉ាងនេះនឹងបម្រើនោះថា ម្នាល អាវុសោ យើងទទួលយកដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរសមគួរដោយកាលដ៏គួរ។ បើបម្រើនោះពោលនឹងភិក្ខុនោះយ៉ាងនេះថា
ID: 636783212870742022
ទៅកាន់ទំព័រ៖