ព្រះត្រៃបិដក ភាគ ៣១
[២១៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២១៥] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើខ្ចីត្រង់ឫស។បេ។ បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី៧។
ID: 636848614813357870
ទៅកាន់ទំព័រ៖