ព្រះត្រៃបិដក ភាគ ៣១
[៥០] ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា គេធ្វើ គេក៏ទទួលផល ដូច្នេះ លទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវសស្សតទិដ្ឋិនុ៎ះ។ ម្នាលកស្សប កាលបើមានសេចក្តីយល់ឃើញខាងដើមថា អ្នកដទៃធ្វើ អ្នកឯទៀតទទួលផល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមានលទ្ធិថា សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលកាលពោលយ៉ាងនេះ ឈ្មោះថា ប្រកាន់នូវឧច្ឆេទទិដ្ឋិនុ៎ះ។ ម្នាលកស្សប តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់ នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
ID: 636848562414910850
ទៅកាន់ទំព័រ៖